ភ្នំពេញៈ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករជាច្រើននៅកម្ពុជាបានផ្ញើរបាយការណ៍លម្អិតទៅក្រសួងពាណិជ្ជកម្មដោយព្រមានពីលទ្ធភាពក្ស័យធនក្នុងឧស្សាហកម្មនេះ និងអំពាវនាវឲ្យក្រសួងចាត់វិធានការបន្ទាន់ពិសេសកូតានាំចូលអង្ករពីប្រទេសជិតខាង។
ការដាក់ជូនរបាយការណ៍ផ្ដល់ព័ត៌មានលម្អិតនេះធ្វើឡើងបន្ទាប់ពីជំនួបកាលពីសប្ដាហ៍មុនរវាងក្រុមផ្តួចផ្ដើម RISKS (រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ) និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មដែលបានបញ្ជាក់ពីស្ថានភាពដែលកំពុងធ្វើឲ្យពិបាករបស់វិស័យស្រូវអង្ករ និងការស្ដីបន្ទោសមួយផ្នែកលើការគ្រប់គ្រងមិនមានប្រសិទ្ធភាពរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
ក្នុងរបាយការណ៍នេះ RISKS ស្នើឲ្យចាត់វិធានការលើកូតានាំចូលអង្ករពីប្រទេសវៀតណាមដែលពួកគេអះអាងថាបានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងការសហការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការពន្យារពេលការទូទាត់បំណុលរបស់រោងម៉ាស៊ីនកិនស្រូវ។
របាយការណ៍នេះបង្ហាញថា៖ «យោងតាមការប៉ាន់ប្រមាណអង្ករប្រហែលពី ៧០០ ០០០ តោនដល់ ៨០០ ០០០ តោនត្រូវបាននាំចូលពីប្រទេសវៀតណាមកាលពីឆ្នាំ ២០១៥ »។ របាយការណ៍នេះបន្តថា៖ «ការនាំចូលទាំងនេះពីប្រទេសវៀតណាមបានវាយលុកទីផ្សារស្រូវអង្ករក្នុងស្រុក»។
ក្រុម RISKS ដែលបានបង្កើតឡើងពីសមាជិក ១៨ កាលពីសប្ដាហ៍មុនហើយមកដល់ពេលនេះកើនឡើងដល់ ២៤ អះអាងថាការនាំចូលអង្ករដ៏ច្រើនពីវៀតណាមបានជំរុញរោងម៉ាស៊ីនកិនស្រូវកម្ពុជា ៤០ ភាគរយខាតបង់នៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
ក្រុមនេះឲ្យដឹងថាកូតានាំចូលអង្ករមិនឲ្យលើស ១០ ម៉ឺនតោនក្នុងមួយឆ្នាំទេ និងបន្ថែមពន្ធ ៣៥ ភាគរយដល់តម្លៃមូលដ្ឋាន។ របាយកាណ៍បន្តថាវិធានការស្រដៀងគ្នានេះត្រូវបានអនុវត្តនៅក្នុងបណ្ដាប្រទេសផ្សេងទៀតដូចជាប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោក កាន គន្ធី អគ្គនាយករោងម៉ាស៊ីនកិនស្រូវខេត្តបាត់ដំបងថ្លែងថា៖ «យើងមានសក្ដានុពលខ្លួនឯងច្រើនសម្រាប់ការនាំចេញអង្ករដូច្នេះមានករណីសម្រាប់ការកំណត់កូតាការនាំចូលអង្ករ»។
លោកបន្តថា៖ «យើងបានសិក្សារួចហើយពីការផ្ដល់យោបល់នេះហើយវានឹងមិនមានបញ្ហាជាមួយបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកទេ»។
លោកលើកឡើងថា៖ «ដំណោះស្រាយ ៩ ចំណុចរបស់ក្រុមនេះចាំបាច់ត្រូវបានដោះស្រាយនៅក្នុងរយៈពេល ៣ ខែក្រោយប្រសិនបើរដ្ឋាភិបាលចង់ឲ្យរោងម៉ាស៊ីនកិនស្រូវសម្រេចបានតាមមហិច្ឆតាទិសដៅនាំចេញអង្ករ ១ លានតោនរបស់ខ្លួនក្នុងមួយឆ្នាំ។
លោកបន្តថា៖ «យើងធ្វើការងារសម្រេចបាន ៥០ ភាគរយហើយតាមរយៈការស្វែងរកដំណោះស្រាយហើយរដ្ឋាភិបាលត្រូវតែជួយបញ្ចប់ ៥០ ភាគរយដែលនៅសល់តាមរយៈការអនុវត្ត»។
លោកបន្ថែមថា CRF បរាជ័យក្នុងការដោះស្រាយបញ្ហារបស់ឧស្សាហកម្មនេះ។ RISKS ជំរុញឲ្យរដ្ឋាភិបាលត្រូវជួយដល់រោងម៉ាស៊ីនកិនស្រូវឲ្យទទួលបានកម្ចី ២៥០ លានដុល្លារមានការប្រាក់ទាប ៤ ភាគរយក្នុងមួយឆ្នាំ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) និងជាសមាជិកមួយរូបរបស់គំនិតផ្ដួចផ្ដើម RISKS ថ្លែងថា៖ «យើងស្នើឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំណត់ពេលវេលាទូទាត់កម្ចីសម្រាប់រោងម៉ាស៊ីនកិនស្រូវឡើងវិញដើម្បីផ្ដល់ឱកាសដល់ពួកគេរស់ឡើងវិញ»។
ដំណោះស្រាយផ្សេងទៀតនៅក្នុងរបាយការណ៍នេះរួមមានការអនុវត្តវិធានការដាក់ទោសយ៉ាងតឹងរ៉ឹងសម្រាប់រោងម៉ាស៊ីនកិនស្រូវដែលបានរកឃើញថាលាយអង្ករក្នុងស្រុក និងអង្ករនាំចូលការកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់រោងម៉ាស៊ីនកិនស្រូវ និងការលុបបំបាត់អាករលើតម្លៃបន្ថែម (VAT) សម្រាប់រោងម៉ាស៊ីនកិនស្រូវ។
សប្តាហ៍មុន CRF ចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថាខ្លួនកំពុងពិនិត្យមើលបញ្ហាសំខាន់ៗ ៣ គឺការនាំចូលអង្ករពីប្រទេសជិតខាងកង្វះជម្រើសការផ្ដល់ហិរញ្ញប្បទានសម្រាប់រោងម៉ាស៊ីនកិនស្រូវ និងតម្លៃអគ្គិសនីខ្ពស់។
លោក សុខ ពុទ្ធិវុធ ប្រធាន CRF បានថ្លែងថា៖ « CRF នឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការសហការជាមួយភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិស័យស្រូវអង្ករ និងស្នើឲ្យសមាជិកទាំងអស់ត្រូវចូលរួមជាមួយពួកយើង និងស្វែងរកដំណោះស្រាយជាមួយគ្នា»៕ LA
